Acts 27

1នៅពេលគេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅទៅ​ស្រុក​អ៊ីតាលី​ពួកគេ​បាន​ប្រគល់​លោក​ប៉ូលនិងអ្នកទោសខ្លះទៀត​ឲ្យ​ទៅឈ្មោះយូលាស​ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ 2ដូច្នេះយើង​ក៏​ជិះសំពៅមួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុងនឹងធ្វើដំណើរទៅកន្លែងផ្សេងៗតាមបណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ 3នៅថ្ងៃ​បន្ទាប់​យើង​ក៏ចូលចតនៅ​ក្រុង​ស៊ីដូនហើយ​លោក​យូលាស​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​ប៉ូលដោយសប្បុរស​គឺ​បាន​អនុញ្ញាតឲ្យ​លោក​ប៉ូល​ទៅមិត្ដភក្ដិ​ដើម្បី​ឲ្យគេ​ជួយឧបត្ថម្ភ​គាត់។ 4បន្ទាប់មកយើង​បាន​ចេញសំពៅពីទីនោះសរសៀរតាមកោះគីប្រុសព្រោះបញ្ច្រាសខ្យល់ 5ក្រោយពីបាន​ធ្វើដំណើរ​ឆ្លង​កាត់​លំហ​សមុទ្រតាមបណ្ដោយ​ឆ្នេរ​ស្រុក​គីលីគានិង​ស្រុក​ប៉ាមភីលា​យើង​ក៏មកដល់​ក្រុង​មីរ៉ា​ក្នុង​ស្រុក​លូគា 6នៅទីនោះលោក​នាយទាហានរកបានសំពៅមួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ដែល​កំពុង​ធ្វើដំណើរទៅ​ស្រុក​អ៊ីតាលី​ដូច្នេះ​គាត់​ក៏​នាំយើងចុះក្នុង​សំពៅ​នោះ 7ពេលធ្វើដំណើរសន្សឹមៗយ៉ាងពិបាកអស់រយៈពេលជាច្រើនថ្ងៃ​យើង​ក៏មកដល់តាមបណ្ដោយ​ឆ្នេរ​ក្រុង​គ្នីដូស​ដោយ​ខ្យល់មិនអនុគ្រោះ​ឲ្យ​យើង​ទៅ​មុខ​ទៀត​យើង​ក៏​ជិះសរសៀរ​តាម​កោះ​ក្រេត​ដោយ​​ឆ្លង​កាត់​ជ្រោយ​សាលម៉ូន 8បន្ទាប់ពីធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះយ៉ាងពិបាក​មក​យើង​ក៏មកដល់កន្លែងមួយឈ្មោះកំពង់ផែលំអនៅ​ជិត​ក្រុងឡាសេ 9កាលបាន​កន្លង​ផុត​ទៅជាច្រើនថ្ងៃហើយការ​ធ្វើដំណើរ​តាម​សំពៅ​ក៏​​លែង​មានសុវត្ថិភាព​ដែរ​ព្រោះ​ថ្ងៃ​បុណ្យតមអាហារ​បាន​កន្លងផុតហើយ​ដូច្នេះ​លោក​ប៉ូល​ក៏​ដាស់តឿន 10ពួកគេថា៖ ​«បងប្អូនអើយ! ​ខ្ញុំ​យល់ឃើញថាការ​ធ្វើដំណើរ​តាម​សំពៅនឹងមានអន្ដរាយព្រមទាំង​មាន​ការខាតបង់ច្រើន​គឺ​មិនត្រឹមតែសំពៅនិងទំនិញប៉ុណ្ណោះទេថែមទាំងជីវិត​របស់​យើងទៀតផង» 11ប៉ុន្ដែលោក​នាយទាហានជឿអ្នកបើកសំពៅនិងម្ចាស់សំពៅច្រើនជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូលនិយាយ 12ដោយកំពង់ផែនោះមិន​អំណោយ​ផល​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវរងា​មនុស្ស​ភាគច្រើនបានសម្រេចចិត្ដចេញដំណើរពីទីនោះបើយ៉ាងណាៗ​នឹង​ទៅដល់​ស្រុក​ភេនីស​ជា​កំពង់ផែមួយ​នៃ​កោះ​ក្រេត​ដែល​បែរមុខទៅ​ទិស​និរតីនិង​ទិស​ពាយ័ព្យ​ដើម្បី​ស្នាក់នៅ​ក្នុង​រដូវរងា 13ពេលខ្យល់​ទិស​ខាងត្បូងបក់រំភើយៗពួកគេ​គិត​ថា​បាន​សម្រេចបំណង​ក៏​ទាញ​យុថ្កា​ហើយ​ធ្វើដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត 14ប៉ុន្ដែមិនយូរប៉ុន្មានក្រោយមកខ្យល់ព្យុះមួយឈ្មោះអ៊ើរ៉ាគ្លីដូនបានបោកបក់ប៉ះសំពៅ 15នាំយកទៅហើយ​ដោយ​យើង​មិនអាច​បើក​បញ្ច្រាសខ្យល់បាន​យើង​ក៏​បណ្ដោយ​សំពៅ​ឲ្យរសាត់​តាម​ខ្យល់ 16កាលបាន​មក​ដល់​ក្បែរកោះតូចមួយឈ្មោះក្លូដេ​យើង​អាច​លើក​សំប៉ាន​ឡើង​បានយ៉ាងពិបាក 17បន្ទាប់ពីលើក​សំប៉ាន​រួច​ហើយ​ពួកគេ​ក៏​ប្រើខ្សែពួរចងជុំវិញសំពៅហើយ​ដោយ​ខ្លាចក្រែងលោ​សំពៅ​កឿងនៅ​ទឹករាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ពួកគេ​ក៏​ទម្លាក់ក្ដោងចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់ 18ហើយនៅ​ថ្ងៃ​បន្ទាប់​ខ្យល់ព្យុះ​នៅតែ​រុញច្រានយើងយ៉ាងខ្លាំង​ពួកគេ​ក៏​ទម្លាក់​ទំនិញ​ចោល 19រួចនៅ​ថ្ងៃ​ទីបី​ពួកគេ​ក៏​គ្រវែងឧបករណ៍សម្រាប់សំពៅចោល​ទៀត​ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់ 20ដោយគ្មានពន្លឺថ្ងៃផ្កាយបំភ្លឺ​អស់​រយៈពេលច្រើនថ្ងៃហើយព្យុះ​នៅតែ​បោកបក់មិនថមថយសោះនៅទីបំផុតយើង​ក៏​អស់សង្ឃឹមទាំងស្រុង​ថា​នឹង​បាន​រួចជីវិត 21បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃ​មក​លោក​ប៉ូល​ក៏​ក្រោកឈរនៅកណ្ដាលចំណោមពួកគេ​ហើយ​និយាយថា៖ ​«បងប្អូនអើយ! ​បងប្អូន​គួរតែស្ដាប់តាមខ្ញុំ​ហើយ​មិនចេញដំណើរពី​កោះ​ក្រេត​មក​នោះ​បងប្អូន​នឹង​ចៀសផុត​ពី​អន្ដរាយនិងការខាតបង់យ៉ាងដូច្នេះមិនខាន 22ប៉ុន្ដែពេលនេះ​ខ្ញុំ​សូម​ដាស់តឿនបងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើងព្រោះគ្មាន​នរណា​ម្នាក់​ក្នុងចំណោមអ្នករាល់គ្នាបាត់បង់ជីវិតឡើយលើកលែងតែសំពៅប៉ុណ្ណោះ 23ដ្បិតយប់មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់ជាព្រះ​របស់​ខ្ញុំ​និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើដែរ​បាន​ឈរក្បែរខ្ញុំ 24ប្រាប់ថាប៉ូលអើយ! ​កុំខ្លាចអីអ្នកត្រូវឈរនៅចំពោះមុខព្រះចៅអធិរាជហើយមើល៍ព្រះជាម្ចាស់បាន​ប្រទាន​ពួក​អ្នកទាំងឡាយ​ដែល​ធ្វើដំណើរជាមួយអ្នក​ដល់​អ្នកហើយ 25ដូច្នេះបងប្អូនអើយ! ​ចូរ​រីករាយឡើងដ្បិត​ខ្ញុំ​ជឿព្រះជាម្ចាស់ថា​នឹង​កើតមានសព្វគ្រប់ដូចដែល​ព្រះអង្គ​បាន​មានបន្ទូលប្រាប់ខ្ញុំ 26គឺយើងត្រូវកឿងលើកោះណាមួយមិនខាន»។ 27លុះដល់យប់ទីដប់បួន​ពេល​យើង​កំពុង​រសាត់នៅកណ្ដាល​សមុទ្រ​អាឌ្រានៅពាក់កណ្ដាលអធ្រាត្រ​ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋានថា​ពួកគេ​ចូលជិតដីគោកណាមួយ​ហើយ 28ដូច្នេះពេល​ពួកគេ​ស្ទង់​ជម្រៅទឹក​មើល​ក៏​ឃើញថា​មាន​ជម្រៅ​ប្រហែល​សាមសិបប្រាំមួយម៉ែត្រលុះទៅមុខបន្ដិច​ពេល​ពួកគេ​ស្ទង់​ជម្រៅទឹក​មើល​ម្ដងទៀត​ក៏​ឃើញថា​មាន​ជម្រៅ​ប្រហែល​ម្ភៃប្រាំពីរម៉ែត្រ 29ហើយដោយ​ខ្លាចក្រែង​សំពៅ​កឿងនៅកន្លែងណាមួយ​ពួកគេ​ក៏​ទម្លាក់យុថ្កា​ទាំង​បួនចុះពីកន្សៃសំពៅ​ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មានថ្ងៃ​វិញ 30ប៉ុន្ដែពេល​ពួក​អ្នក​ដើរ​សំពៅរករត់ចេញពីសំពៅហើយសម្រូតសំប៉ានទៅក្នុងសមុទ្រ​ដោយ​ធ្វើពុតហាក់ដូចជាទម្លាក់យុថ្កាពីក្បាលសំពៅ 31លោកប៉ូល​ក៏​ប្រាប់​លោក​នាយទាហាននិង​ពួក​ទាហានថា៖ ​«បើ​អ្នក​ទាំងនេះមិននៅក្នុងសំពៅទេ​នោះ​អ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ» 32ពេលនោះ​ពួក​ទាហាន​ក៏​កាត់​ផ្ដាច់​ខ្សែ​ចង​សំប៉ានចោលហើយបណ្ដោយឲ្យវាអណ្ដែតទៅ 33លុះដល់ទៀបភ្លឺ​លោក​ប៉ូល​បាន​លើកទឹកចិត្ដ​ពួកគេ​ទាំងអស់គ្នា​ឲ្យ​បរិភោគអាហារ​ដោយ​និយាយថា៖ ​«ថ្ងៃ​នេះ​ជា​ថ្ងៃទីដប់បួន​ហើយ​ដែល​បងប្អូន​បន្ដរង់ចាំដោយ​មិន​បាន​បរិភោគអ្វីសោះ 34ដូច្នេះហើយខ្ញុំ​សូម​លើកទឹកចិត្ដអ្នករាល់គ្នា​ឲ្យ​បរិភោគអាហារ​ចុះ​សម្រាប់សុខភាព​របស់​អ្នករាល់គ្នាដ្បិតគ្មានសក់​មួយ​សរសៃ​ណា​នឹង​ជ្រុះពីក្បាល​របស់​អ្នករាល់គ្នាឡើយ» 35ពេលនិយាយដូច្នេះរួច​គាត់​ក៏យកនំប៉័ងមកអរព្រះគុណ​ដល់​ព្រះជាម្ចាស់នៅមុខ​មនុស្ស​ទាំងអស់គ្នាហើយចាប់ផ្ដើមកាច់បរិភោគ 36ពួកគេមានចិត្ដរីករាយគ្រប់គ្នាហើយក៏បរិភោគអាហារដែរ 37នៅក្នុងសំពៅនោះមាន​មនុស្ស​ទាំងអស់​ចំនួន​ពីររយចិតសិបប្រាំមួយនាក់ 38ពេលពួកគេ​បាន​បរិភោគអាហារ​ឆ្អែត​ហើយ​ពួកគេ​ក៏សម្រាលសំពៅ​ដោយ​ទម្លាក់ស្រូវទៅក្នុងសមុទ្រ 39លុះភ្លឺឡើង​ក៏​ឃើញ​ដីគោក​ដែល​ពួកគេ​មិន​បាន​ស្គាល់ប៉ុន្ដែមានឆកសមុទ្រ​និង​ឆ្នេរខ្សាច់មួយ​ដូច្នេះ​ពួកគេ​ក៏​សម្រេចចិត្ដ​ឲ្យ​សំពៅកឿងនៅទីនោះប្រសិនបើអាចបាន 40ដូច្នេះពួកគេ​ក៏កាត់​ខ្សែ​ទុកយុថ្កាចោលនៅក្នុងសមុទ្រទាំងស្រាយខ្សែ​ពី​ចង្កូតហើយលើកក្ដោងខាងមុខឡើង​ឲ្យ​ខ្យល់​បក់​តម្រង់ទៅរកឆ្នេរ 41ប៉ុន្ដែពេល​មកដល់កន្លែង​សមុទ្រ​ពីរ​ប្រសព្វគ្នាសំពៅ​ក៏​កឿងហើយពេល​ដែល​ក្បាលសំពៅគាំងនៅជាប់ទ្រឹងកន្សៃសំពៅក៏ត្រូវកម្លាំងរលកបំផ្លាញខ្ទេច 42ពេលនោះពួក​ទាហានមានផែនការថា​ពួកគេ​ត្រូវ​សម្លាប់អ្នកទោសចោលក្រែងលោអ្នកណាម្នាក់ហែលគេចខ្លួន 43ប៉ុន្ដែលោក​នាយទាហានចង់ជួយ​លោក​ប៉ូល​ក៏​រារាំងពួកគេ​ពី​ផែនការនេះ​គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាចហែលទឹកបាន​ឲ្យ​លោតចុះ​ពី​សំពៅ​ហើយ​ឡើង​ទៅដីគោកមុន 44រីឯអ្នក​ផ្សេងទៀត​អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើបន្ទះក្ដារអ្នក​ខ្លះ​ទៀតលើបំណែកផ្សេងៗពីសំពៅដូច្នេះ​យើង​បានទៅដល់ដីគោកដោយសុវត្ថិភាពគ្រប់គ្នា
Copyright information for KhmKCB